publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

បរិស្ថាន

អាកាសធាតុ​នៅកម្ពុជា​ប្រែប្រួល​គួរឲ្យ​បារម្ភ

ដោយ គី សុខលីម

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 06/12/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  06/12/2009 12:30 ម៉ោងសកល

អ្នកជំនាញ​បរិស្ថាន​មួយចំនួន​បានកត់​សម្គាល់​ថា​ អាកាសធាតុ​ នៅក្នុង​ប្រទេស​កម្ពុជា ​មានការ​ប្រែប្រួល​គួរជាទី​ព្រួយបារម្ភ។ ​​សេចក្តី​អត្ថាធិប្បាយ​របស់​អ្នកជំនាញ​ទាំងនេះ​​​បាន​ធ្វើឡើង ​មុនពេល​ដែលកិច្ច​ប្រជុំ​អន្តរជាតិ ​ស្តី​អំពី​ការផ្លាស់ប្តូរ​អាកាសធាតុ ​គ្រោង​រៀបចំ​ឡើង ​នៅ​សប្តាហ៍​ក្រោយ​នៅក្នុង​ប្រទេស​ដាណឺម៉ាក។

សូម​ចុចខាងក្រោម ដើម្បី​ស្តាប់៖

សេចក្តីរាយការណ៍​របស់ គី សុខលីម ពី​ភ្នំពេញ

06/12/2009

កម្ពុជា​ទទួល​រង​គ្រោះធម្មជាតិ​ជា​ញឹកញាប់ ដែល​អ្នក​ជំនាញ​យល់​ថា​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ(រូបថត៖​ Reuters)

កម្ពុជា​ទទួល​រង​គ្រោះធម្មជាតិ​ជា​ញឹកញាប់ ដែល​អ្នក​ជំនាញ​យល់​ថា​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ
(រូបថត៖​ Reuters)

លោក​ទេព​​ប៊ុណ្ណារិទ្ធិ​ ប្រធាន​សមាគម​ថែរក្សា​បរិស្ថាន​​ និង​វប្បធម៌ ​បាន​និយាយ ​នៅថ្ងៃ​អាទិត្យ ទី​៦​ ខែ​ធ្នូ​នេះ​ថា ​​អាកាសធាតុ ​នៅក្នុង​ប្រទេសកម្ពុជា​ មានការ​ប្រែប្រួល​ច្រើន​ នៅក្នុង​រយៈពេល៥​ឆ្នាំ​ចុងក្រោយ​នេះ​។​​ ការ​ប្រែប្រួល​ទាំងនេះ ​មាន​ដូចជា៖ ​​​ភ្លៀងធ្លាក់​មិន​ទៀងទាត់​ កំដៅ​ឡើង​ខុសប្លែក​ពី​ធម្មតា ​​​ទឹក​ជំនន់ ​​ខ្យល់ព្យុះ​​ រន្ទះបាញ់។​ល។ ​​​​​​អ្នកការពារ​បរិស្ថាន​រូបនេះ​​បានបន្ត​ទៀតថា​ ​​បាតុភូត​ទាំងនេះ​ធ្លាប់បាន​កើតឡើង​ហើយ​ នៅក្នុង​ប្រទេសកម្ពុជា ​នាពេល​កន្លងមក ​ប៉ុន្តែ ​ក្នុង​រយៈ​៥​ឆ្នាំ​ចុងក្រោយ​នេះ ​បាតុភូត​ទាំងនេះ​បានកើត​ឡើង​ញឹកញាប់។​

លោក​មៀច​មាន​​ ប្រធាន​អង្គការ​បណ្តាញ​ការពារ​ទន្លេ​សេសាន​ ទន្លេ​ស្រែពក ​និង​ទន្លេ​សេកុង ​នៅ​ភូមិភាគ​ឦសាន ​នៃ​ប្រទេស​កម្ពុជា​ បាន​សម្តែង​មតិ​ដូចគ្នា​ទៅនឹង​លោក​ទេព​ប៊ុណ្ណារិទ្ធិ​ដែរ។ ​លោក​មៀច​មាន ​បាន​បន្តទៀត​ថា ​​ជាក់ស្តែង ​នាពេល​កន្លងមកថ្មី​ៗ​នេះ ​ព្យុះ​កេតសាណា​បាន​ផ្តាច់​ជីវិត​ប្រជាជន​ខ្មែរ​អស់​ជាច្រើន​នាក់​ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ប្រជាពល​រដ្ឋអស់​ជាច្រើន​លានដុល្លារ។​ម្យ៉ាងវិញទៀត​ របាយការណ៍ ​នាពេល​កន្លងមក​ បាន​បង្ហាញ​ថា ​​ក្នុងឆ្នាំ​២០០៩​នេះ ​ប្រជាជន​ខ្មែរ​ជាង​១០០​នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​រន្ទះបាញ់។

លើស​ពីនេះទៅ​ទៀត​ លោក​មៀច​មាន ​បាន​បញ្ជាក់​ទៀត​ថា ​​​​​​របប​ទឹក​ទន្លេមេគង្គ​ក៏​មាន​ការ​ប្រែប្រួល​ច្រើន​ដែរ ​​​ហើយ​នេះ​គឺ​​​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ពិភពលោក​យ៉ាង​ពិតប្រាកដ។

​កញ្ញា​កែវ​កល្យាណ​ អ្នកវិភាគ​កម្មវិធី​ផ្នែក​បរិស្ថាន ​និង​ថាមពល​របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP​) ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា​ ធ្លាប់បាន​និយាយ​ថា ​គ្រោះមហន្តរាយ​ នាពេល​កន្លងមក ​នៅក្នុង​ប្រទេស​កម្ពុជា ​ដូចជា ​ខ្យល់ព្យុះ​ ភ្លៀងធ្លាក់​មិន​ទៀងទាត់​ ​​និង​រន្ទះបាញ់​ គឺ​អាច​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ។

អ្នកជំនាញ​ផ្នែកបរិស្ថាន​ និង​លោក​សាត​សាមី​ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្មរ៉ែ​និង​ថាមពល​ បាន​បញ្ចេញ​មតិ​ស្រដៀងគ្នា​ថា​ ប្រទេស​អភិវឌ្ឍន៍ធំៗ គឺ​ជា​អ្នក​បង្ក​អោយមាន​ការ​ប្រែប្រួល​អាកាសធាតុ​នៅក្នុង​ពិភពលោក។​ ចំណែក​ឯ​ប្រទេស​កម្ពុជា​តូចតាច ​គឺ​គ្រាន់តែ​រង​ឥទ្ធិពល​អាក្រក់​ពីគេ​ប៉ុណ្ណោះ។ ​​ប៉ុន្តែ ​បើទោះ​បីជា​យ៉ាងនេះក្តី​ អ្នកការពារ​បរិស្ថាន​មួយ​ចំនួន​បាន​និយាយថា ​​កម្ពុជា​ក៏​រួម​ចំណែក​ធ្វើអោយ​មានការ​ប្រែប្រួល​អាកាស​ធាតុខ្លះ​ដែរ ​ពីព្រោះ​ប្រទេស​ក្រីក្រ​នេះ​បាន​បណ្តែតបណ្តោយ​អោយមាន​ការបាត់បង់​ព្រៃឈើ​ជាច្រើន ​នាពេល​កន្លងមក។

គួរកត់​សម្គាល់​ថា​ សេចក្តី​អត្ថា​ធិប្បាយ​របស់​អ្នកជំនាញ ​នៅក្នុង​ប្រទេស​កម្ពុជា​ នៅពេលនេះ​​ បាន​ធ្វើឡើង​មុនពេល​ដែល​កិច្ច​ប្រជុំ​អន្តរជាតិ ​ស្តី​អំពី​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​ គ្រោងនឹង​រៀបចំ​ឡើង​នៅ​សប្តាហ៍​ក្រោយ ​នៅក្នុង​ប្រទេស​ដាណឺម៉ាក៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល