publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

ព័ត៌មាន​វិទ្យា

ទីផ្សារ​ការងារ​ក្នុង​វិស័យ​ព័ត៌មានវិទ្យា​មាន​លក្ខណៈ​តូច​ចង្អៀត

ដោយ គី សុខលីម

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 11/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  11/01/2010 12:00 ម៉ោងសកល

បើទោះបី​ជាវិស័យ​ព័ត៌មាន​វិទ្យា​នៅ​កម្ពុជា​មាន​ការរីកចម្រើន​ខ្លាំងយ៉ាង​ណាក៏ដោយ​ក៏​ទីផ្សារ​ការងារ​ក្នុង​វិស័យនេះ​នៅ​មិនទាន់​អាចស្រូប​យក​និស្សិត​ជំនាញ​ក្នុង​វិស័យ​នេះ​បានច្រើន​នៅ​ឡើយ​ទេ​។​តើ​នេះ​បណ្តាល​មកពី​មូលហេតុ​អ្វី?

សូម​ចុច​ខាង​ក្រោម​ដើម្បី​ស្តាប់ ៖

បទ​អត្ថាធិប្បាយ​របស់ គី សុខលីម ពីទីក្រុង​ភ្នំពេញ

11/01/2010

ការ​ប្រើប្រាស់​កុំព្យូទ័រ​នៅកម្ពុជា​បាន​កើន​ឡើង​២០%(រូបថត ៖ សុខលីម)

ការ​ប្រើប្រាស់​កុំព្យូទ័រ​នៅកម្ពុជា​បាន​កើន​ឡើង​២០%
(រូបថត ៖ សុខលីម)

នៅ​សតវត្សរ៍​ទី​២១​នេះ​ គេ​មិនសូវ​និយាយ​អំពី​រឿង​អនក្ខរកម្ម​អក្ស​ច្រើន​ប៉ុន្មាន​ទេ​ ប៉ុន្តែ​គេ​បែរ​ជា​និយាយ​អំពី​រឿង​អនក្ខរកម្ម​កុំព្យូទ័រ​ទៅវិញ។​ អ្នកមិន​ចេះកុំព្យូទ័រ​នៅ​សម័យ​នេះ ​អាច​មាន​ការ​លំបាក​ក្នុង​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ និង​កិច្ចការ​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ ​ឬ​ជាមួយ​ពិភពលោក​ទាំងមូល។​

សម្រាប់​ប្រទេស​កម្ពុជា​ បើទោះបី​ជាវិស័យ​ព័ត៌មានវិទ្យា​មិនទាន់​រីកចម្រើន​ដូច​ប្រទេស​អភិវឌ្ឍន៍​​ដទៃ​ទៀត​ក៏ដោយ ​ក៏វិស័យ​នេះ​បាន​នឹង​កំពុង​រីក​ធំធាត់​ពីមួយឆ្នាំ​ទៅមួយឆ្នាំ​យ៉ាង​ឆាប់រហ័ស។​ ជាក់ស្តែង​ចំនួន​បណ្តាញ​ប្រព័ន្ធ​អ៊ីនធឺណែត​កាន់​តែ​រីក​ស្គុះស្គាយ​គ្រប់​ទីកន្លែង​ជាពិសេស​នៅតំបន់​ទីប្រជុំជន។ ចំនួន​អ្នក​ភ្ជាប់​បណ្តាញ​ប្រព័ន្ធ​អ៊ីនធឺណែត​អាចមាន​ចំនួន​រាប់ម៉ឺននាក់​ហើយ​ រហូតមក​ដល់​ពេលនេះ។​​​​

សម្រាប់​អ្នកប្រើប្រាស់​កុំព្យូទ័រ​វិញ​ ពួកគេ​មានចំនួន​កាន់តែ​ច្រើន​ជាងមុន​ ទាំង​នៅតាម​ស្ថាប័ន​ឯកជន​ ស្ថាប័ន​រដ្ឋ​​ និង​តាម​គ្រួសារ​នីមួយៗ។ លទ្ធផល​សិក្សា​របស់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប្រព័ន្ធ​ព័ត៌មានវិទ្យា​បាន​បង្ហាញ​ថា​នៅឆ្នាំ​២០០៩​កន្លងមក​ ​​ក្រុមហ៊ុន​ឯកជន​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ប្រើប្រាស់​កុំព្យូទ័រ​ប្រមាណ​ជា​៤​ម៉ឺន​៦​ពាន់​គ្រឿង។​ រីឯនៅឆ្នាំ​២០១០​នេះ​ ចំនួន​កុំព្យូទ័រ​ប្រើប្រាស់​នឹង​កើន​ដល់​៥​ម៉ឺន​៦​ពាន់​គ្រឿង។​ ប៉ុន្តែ​សូមបញ្ជាក់​ថា​ តួលេខ​នេះ​មិនទាន់​រាប់​បញ្ចូល​កុំព្យូទ័រ​ដែល​ប្រើប្រាស់​ដោយ​ស្ថាប័ន​រដ្ឋាភិបាល​ និង​ដោយ​បុគ្គល​ជា​លក្ខណៈ​គ្រួសារ​​នៅ​ឡើយ​ទេ។​

ក្នុង​វិស័យ​ទូរស័ព្ទ​វិញ​ ចំនួន​អ្នកប្រើប្រាស់​ក៏​បាន​កើនឡើង​មិនឈប់ឈរ​ដែរ​ ពីមួយឆ្នាំ​ទៅ​មួយ​ឆ្នាំ។​ ​បច្ចុប្បន្ន​នេះ​​ ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ចំនួន​៩​ និង​មាន​អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ក្នុង​រង្វង់​៤​លាន​នាក់។​​

សរុប​សេចក្តី​មកវិញ​ គេអាច​និយាយ​បាន​ថា​​វិស័យ​ព័ត៌មានវិទ្យា​នៅ​កម្ពុជា​ មានការ​រីកចម្រើន​គួរអោយ​កត់សម្គាល់​ ប្រសិន​បើគេ​មិនធ្វើការ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដទៃទៀត។​ ការរីក​ចម្រើន​វិស័យ​នេះ​បាន​ជំរុញ​អោយ​និស្សិត​ជាច្រើន​សម្រុក​ចូលរៀន​ក្នុង​វិស័យ​ព័ត៌មានវិទ្យា។​

ប៉ុន្តែ​អ្វីដែល​ជា​ការ​កត់សម្គាល់​នៅពេល​នេះ​ គឺ​នៅត្រង់​ថា​ នៅពេល​ដែល​និស្សិត​រៀន​ផ្នែក​នេះ ​កាន់តែ​ច្រើន​ឡើង​​​ ពួកគេ​ប្រឈម​នឹង​ការ​អត់ការងារ​ធ្វើ​ទៅ​វិញ។​ មូលហេតុ​ គឺ​ដោយសារ​​តម្រូវការ​ទីផ្សារ​ក្នុង​វិស័យ​ព័ត៌មានវិទ្យា​នេះ​មាន​ចំនួន​តិច​ជាង​ចំនួន​និស្សិត​ ដែល​បញ្ចប់​ការសិក្សា​ក្នុង​វិស័យនេះ​ជារៀង​រាល់ឆ្នាំ។

លទ្ធផល​អង្កេត​របស់​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដែល​បាន​សម្ភាសន៍​ជាមួយ​ក្រុមហ៊ុន ​និង​អង្គការ​ក្រៅរដ្ឋាភិបាល​ជាង​២០០​​ បាន​បង្ហាញ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​នេះ​ ថា​​ក្នុងឆ្នាំ​២០០៩​​​ ​មាន​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា​ចំនួន​២៣០០​នាក់​ ប៉ុន្តែ​មាន​និស្សិត​តែ​១០០០​នាក់​ប៉ុណ្ណោះ​ ដែល​អាច​រក​ការងារ​ធ្វើ​បាន​ក្នុង​វិស័យ​នេះ។​ ចំពោះ​និស្សិត​ដទៃ​ទៀត​ ​អ្នកខ្លះ​អាច​រក​ការងារ​បាន​ធ្វើ​ដែរ​ ប៉ុន្តែ​ក្នុង​វិស័យ​ផ្សេងៗ​ ក្រៅពី​វិស័យ​ព័ត៌មានវិទ្យា​មាន​ន័យថា​ ពួកគេ​ធ្វើការ​ខុស​ជំនាញ​តែ​ម្តង។​ សម្រាប់​អ្នកខ្លះ​ទៀត​ពួកគេ​កំពុង​ប្រឈម​មុខ​នឹង​ភាព​អត់​ការងារ​ធ្វើ។

បើ​យោង​តាមការ​ទស្សន៍ទាយ​ក្នុង​លទ្ធផល​អង្កេត​ចំនួន​និស្សិត​រៀន​ផ្នែក​ព័ត៌មានវិទ្យា​នឹង​បន្ត​កើន​ឡើង​ជា​លំដាប់​ក្នុង​ឆ្នាំ​២០១០ ​​២០១១​ និង​ឆ្នាំ​២០១២​ខាង​មុខ​នេះ។​

ជាការពិត​ចំនួន​និស្សិត​ចេញ​ពី​សាលា​មាន​ចំនួន​ច្រើន​លើស​លុប​មែន​ បើ​ប្រៀបធៀប​ទៅ​នឹង​តម្រូវការ​ទីផ្សារ ​​ប៉ុន្តែ​​ក្រុមហ៊ុន​នានា​បាន​និយាយថា​ពួកគេ​នៅតែ​ពិបាក​ជ្រើសរើស​បុគ្គលិក​ក្នុង​វិស័យ​នេះ​ដដែល។​ ​ការ​លំបាក​គឺ​ដោយសារ​ចំណេះដឹង​របស់​និស្សិត​មិន​ឆ្លើយ​តប​ទៅនឹង​ចំណេះ​ធ្វើ​ពិត​ប្រាកដ​នៅលើ​ទីផ្សារ​ការងារ។

លោក ​Vincent Drouillard នាយក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​បាន​ពន្យល់ថា​និស្សិត​រៀន​ផ្នែក​ព័ត៌មានវិទ្យា​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​ មាន​គុណវិបត្តិ​បី​ចំណុច​ធំៗ។​ ទី​១​ ​ពួកគេ​ខ្វះខាត​ការសិក្សា​អនុវត្តន៍​​ផ្ទាល់​ មានន័យ​ថា​ពួកគេ​សិក្សា​ទ្រឹស្តី​ច្រើន​ជាង​ការអនុវត្តន៏។​ ទី​២​ ​ពួកគេ​ខ្វះជំនាញ​ពិតប្រាកដ។​ និង​ទី៣​ ​ពួកគេ​​មាន​កង្វះខាត​ផ្នែក​ភាសា​បរទេស។

​ដោយសារ​បញ្ហា​ទាំង​បីនេះ​ ​និស្សិត​​ផ្នែក​ព័ត៌មាន​វិទ្យា​ពិបាក​រក​ការងារ​ធ្វើ​នៅ​ក្នុង​វិស័យ​ព័ត៌មានវិទ្យា។​

បើផ្អែក​លើ​តថៈភាព​ជាក់ស្តែង ​មិនមែន​មាន​តែ​វិស័យ​ព័ត៌មានវិទ្យា​ទេ​ ដែល​ជួប​ប្រទះ​បញ្ហា​នេះ​ តាមពិត​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​ ​និស្សិត​បញ្ចប់​ការសិក្សា​ក៏​ពិបាក​រក​ការងារ​ធ្វើ​ដែរ​ ជា​ពិសេស​នៅក្នុង​បរិបទ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​នេះ​តែម្តង៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល