publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

សុខភាព​

៣​​សំណួរ​អាច​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​អេដស៍​ដែល​កើត​របេង​

ដោយ លាង ដឺលុច

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 02/03/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  02/03/2010 14:05 ម៉ោងសកល

ក្រុម​គ្រូពេទ្យ​អាមេរិក​កម្ពុជា វៀតណាម និង​ថៃ​បាន​រក​ឃើញ​រូបមន្ត​នៃ​ការ​កាត់ទប់ស្កាត់​អត្រា​ស្លាប់​នៃ​អ្នក​ជំងឺ​អេដស៍​ដែល​មាន​ផ្ទុក​មេរោគ​របេង។ នោះ​គឺ​ការ​សួរ​សំណួរ​ចំនួន ៣​ទៅ​អ្នក​ជំងឺ ទាក់ទង​នឹង​រយៈពេល​នៃ​ការ​ក្អក ការ​ក្តៅខ្លួន និង​ការ​បែកញើស​នៅ​ពេល​យប់​រយៈពេល​យ៉ាង​ហោចណាស់ ៣​សប្តាហ៍។

សូមចុចខាងក្រោមដើម្បីស្តាប់ ៖

សេចក្តីរាយការណ៍​របស់ លាង​ ដឺលុច​ពីទីក្រុង ភ្នំពេញ​

02/03/2010

ក្រុម​គ្រូពេទ្យ​អាមេរិក កម្ពុជា​ វៀតណាម​និង​ថៃ​​ ​បាន​រកឃើញ​រូបមន្ត​នៃ​ការ​កាត់​ទប់​ស្កាត់​អត្រា​ស្លាប់​នៃ​អ្នក​ជម្ងឺ​អេដស៍​ដែល​​មាន​ផ្ទុក​រោគ​របេង​​។(រូបថត ៖ វាន់ ណារ៉ា)

ក្រុម​គ្រូពេទ្យ​អាមេរិក កម្ពុជា​ វៀតណាម​និង​ថៃ​​ ​បាន​រកឃើញ​រូបមន្ត​នៃ​ការ​កាត់​ទប់​ស្កាត់​អត្រា​ស្លាប់​នៃ​អ្នក​ជម្ងឺ​អេដស៍​ដែល​​មាន​ផ្ទុក​រោគ​របេង​​។
(រូបថត ៖ វាន់ ណារ៉ា)

៥០% នៃ​អ្នក​ជំងឺ​អេដស៍​ដែល​មាន​កើត​ជំងឺ​របេង​ទៀត​នោះ បាន​ស្លាប់​ក្នុង​រយៈ​ពេល​នៃ​ការ​ព្យាបាល​មេរោគ​អេដស៍។ ការ​ស្លាប់​នៃ​អ្នក​ជំងឺ​អេដស៍​នេះ ដោយសារ​តែ​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​រក​ឃើញ​មេរោគ​របេង​ក្នុង​ខ្លួន​អ្នក​ជំងឺ​អេដស៍​នោះ។ ការ​កំណត់​រោគសញ្ញា​របេង​យឺត​ពេល លើ​ខ្លួន​អ្នក​ជំងឺ​អេដស៍ គឺ​ជា​កត្តា​រួម​ចំណែក​ធំ​ដែល​ធ្វើ​អោយ​អត្រា​ស្លាប់​របស់​អ្នកជំងឺ​អេដស៍​កើន​ឡើង​ខ្ពស់។

ហេតុដូច្នេះ​ហើយ បាន​ជា​ក្រុម​គ្រូពេទ្យ​សហរដ្ឋអាមេរិក កម្ពុជា វៀតណាម និង​ថៃ បាន​ធ្វើការ​រួមគ្នា ហើយ​បាន​រក​ឃើញ​វិធី​មួយ ដើម្បី​កំណត់​រោគ​សញ្ញា​ជំងឺ​របេង​អោយ​បាន​លឿន លើ​ខ្លួន​អ្នក​ជំងឺ​អេដស៍។ នោះ​គឺ​ការ​សួរ​សំណួរ​តែ​៣​សំណួរ​ទៅ​អ្នក​ជំងឺ។ តើ​មាន​ក្អក​រ៉ាំរ៉ៃ​ឬទេ? តើ​មាន​ក្តៅខ្លួន និង​បែកញើស​ពេលយប់​លើស​ពី ៣​សប្តាហ៍​ដែរ​ឬទេ?

យោងតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ការ​ស្រាវជ្រាវ​របស់​ក្រុម​គ្រូពេទ្យ​អាមេរិក កម្ពុជា វៀតណាម​និង​ថៃ​ត្រូវ​បាន​ធ្វើ​ទៅ​លើ​អ្នក​ជំងឺ​ចំនួន ១៧៤៨​នាក់​នៅ​ក្នុង​ប្រទេស​នៃ​អនុតំបន់​ទន្លេ​មេគង្គ។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ បាន​បង្ហាញ​ថា ការសួរ​នាំ​អ្នក​ជំងឺ​អេដស៍​ជាមួយ​សំណួរ​ទាំង​បី​រួមគ្នា​នេះ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​អេដស៍ ៩៣% ថា​មាន​រោគ​របេង។ ហើយ ៩៧%​នៃ​អ្នក​ជំងឺ​ដែល​មិន​មាន​រោគ​សញ្ញា​ណា​មួយ​ចំពោះ​សំណួរ​ទាំង​បី ពោលគឺ គ្មាន​ក្អក​រ៉ាំរ៉ៃ គ្មាន​ក្តៅ​ខ្លួន និង​គ្មាន​បែកញើស​នៅ​ពេល​យប់​នោះ គឺ​ពួកគេ​មិន​មាន​រោគ​របេង​ទេ។ អ្នក​ជំងឺ​ដែល​ឆ្លើយ​ថា​ទេ ទៅ​នឹង​សំណួរ​ទាំងបី​នោះ អាច​ប្រើ​ថ្នាំ​ដើម្បី​ការពារ​ជំងឺ​របេង។ ចំណែក​ឯ​អ្នក​ដែល​ឆ្លើយ​វិជ្ជមាន​ទៅ​នឹង​សំណួរ​មួយ​យ៉ាងតិច ក្នុង​ចំណោម​សំណួរ​ទាំងបី​នោះ ត្រូវការ​ការ​វាយតម្លៃ​ដើម្បី​កំណត់​រោគ​វិនិច្ឆ័យ ថា​មាន​មេរោគ​របេង​ឬ គ្មាន។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ដដែល បាន​សរសេរ​ថា ការ​រកឃើញ​វិធីថ្មី​ដើម្បី​កំណត់​រោគ​សញ្ញា​របេង​លើ​អ្នក​ជំងឺ​អេដស៍​នេះ គឺជា​ជំហាន​ធំ​មួយ​ឆ្ពោះ​ទៅ​កាត់​បន្ថយ​ផលប៉ះ​ពាល់​នៃ​ជំងឺ​របេង​នៅ​ក្នុង​ពិភពលោក៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល