publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

នយោបាយ-ព្រះរាជ​វាំង

ភាពស្និទ្ធស្នាល​រវាង​ព្រះរាជវាំង និង​រាជ​រដ្ឋាភិបាល​កើត​ឡើង​ជា​ថ្មី

ដោយ ប៉ែន បូណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 03/04/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  03/04/2010 10:58 ម៉ោងសកល

ភ្លាមៗ បន្ទាប់​ពី​ការយាង​ត្រឡប់​មក​ដល់​ប្រទេស​វិញ កាល​ពី​ថ្ងៃ​ពុធ សេម្តេចឪ​នរោត្តម​សីហនុ​បាន​ព្រះរាជានុញ្ញាត​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ក្រុម​គ្រួសារ​ចូល​បង្គំ​គាល់ នៅ​ក្នុង​ព្រះបរមរាជវាំង។ នៅ​ក្នុង​ជំនួប​នោះ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល និង​អតីត​ព្រះមហាក្សត្រ​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​យ៉ាង​ខ្លាំង និង​អម​ដោយ​សុន្ទរកថា​គាំទ្រ​គ្នា​ទៅវិញ ទៅមក ដោយ​ឥត​ងាករេ​ផង។ ភាពស្និទ្ធស្នាល​នេះ​បាន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល និង​ព្រះរាជវាំង​កាន់​តែ​មាន​រូបភាព​ល្អ​ប្រសើរ​ឡើង បន្ទាប់​ពី​ភាពរកាំរកូស​ជាច្រើន កាល​ពី​អតីតកាល។

សេចក្តី​រាយការណ៍​របស់​ប៉ែន បូណា​ពី​ទីក្រុង​ភ្នំពេញ

03/04/2010

ភាពស្និទ្ធស្នាល​រវាង​ព្រះរាជវាំង និង​រាជរដ្ឋាភិបាល​កើត​ឡើង​ជា​ថ្មី(រូបថត៖ សុវណ្ណារ៉ា,បណ្ណាសា)

ភាពស្និទ្ធស្នាល​រវាង​ព្រះរាជវាំង និង​រាជរដ្ឋាភិបាល​កើត​ឡើង​ជា​ថ្មី
(រូបថត៖ សុវណ្ណារ៉ា,បណ្ណាសា)

មួយ​ថ្ងៃ​ក្រោយ​ការយាង​មក​ដល់​ភ្នំពេញ សម្តេចឪ​បាន​រាជានុញ្ញាត​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ក្រុម​គ្រួសារ​ចូល​បង្គំ​គាល់ នៅ​ក្នុង​ព្រះបរមរាជវាំង។ ជំនួប​ដែល​គេ​អាច​មើល​ឃើញ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​បង្ហាញ​ពី​ភាពល្អូកល្អឺន​យ៉ាង​ខ្លាំង​រវាង​លោក​នាយក​រដ្ឋមន្ត្រី និង​អតីត​ព្រះមហាក្សត្រ។ គឺជា​ភាព​ស្និទ្ធស្នាល​មួយ​ដែល​គេ​មិន​ដែល​បាន​ឃើញ​ជា​យូរ​ខែ​មក​ហើយ ដោយសារ​តែ​អវត្តមាន​របស់​អតីត​ព្រះមហាក្សត្រ​ពី​ក្នុង​ប្រទេស។

ភាពស្និទ្ធស្នាល​រវាង​ព្រះរាជវាំង និង​រាជរដ្ឋាភិបាល​កើត​ឡើង​ជា​ថ្មី(រូបថត៖ reuters)

ភាពស្និទ្ធស្នាល​រវាង​ព្រះរាជវាំង និង​រាជរដ្ឋាភិបាល​កើត​ឡើង​ជា​ថ្មី
(រូបថត៖ reuters)

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អះអាង​ជា​ថ្មី​ទៀត​ថា លោក​រួម​ទាំង​កូន​ចៅ​ជំនាន់​ក្រោយ​នឹង​ប្តូរផ្តាច់​ការពារ​ព្រះរាជបល្ល័ង្គ និង​របប​រាជានិយម​ដោយ​ទឹកចិត្ត​ភក្តីភាព​ឥត​ងាករេ។ ជា​ការឆ្លើយ​តប អតីត​ព្រះមហាក្រត្ស​ព្រះជន្ម​៨៨​ព្រះវស្សា​បាន​មាន​ព្រះរាជ​បន្ទូល​កោត​សរសើរ​ដល់​ការដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ការដឹកនាំ​ដែល​សម្តេចឪ​ពិពណ៌នា​ថា «ជោគជ័យ​លើ​គ្រប់​វិស័យ»។

កាល​ពី​ថ្ងៃ​១៨​មីនា​កន្លង​ទៅ​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏បាន​ថ្លែង​ការពារ​សម្តេចឪ​យ៉ាង​ឧឡារឹក​ផងដែរ តាម​រយៈ​ការថ្កោលទោស​រដ្ឋប្រហារ​ថ្ងៃ​១៨​មីនា ឆ្នាំ​១៩៧០​របស់​លោក​សេនាប្រមុខ​លន់​នុល ដើម្បី​បំបាត់​ចោល​របប​រាជានិយម។ សម្រាប់​លោក​ហ៊ុន សែន រដ្ឋប្រហារ​នេះ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សោកសៅ​របស់​ប្រទេស​កម្ពុជា ហើយ​ជា​ប្រភព​នៃ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម។ សេចក្តី​ថ្លែង​ការណ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​បាន​ទទួល​ការសាទរ​ភ្លាមៗ​ពី​សម្តេចឪ​ដែល​កំពុង​គង់​ព្យាបាល​ព្រះកាយ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។

គួរ​កត់​សម្គាល់​ថា កាល​ពី​ច្រើន​ឆ្នាំ​កន្លង​ទៅ ភាព​រកាំរកូស​រវាង​លោក​នាយក​រដ្ឋមន្ត្រី និង​សម្តេចឪ​បាន​កើត​ឡើង​ជា​រឿយៗ ជា​ពិសេស​ទាក់ទង​នឹង​សំណេរ​របស់​លោកតា​រួម រឹត «អតីត​មិត្តភក្តិ​ពី​កុមារភាព» របស់​សម្តេចឪ​ដែល​តែងតែ​រិះគន់​ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី​ដោយ​ឥត​សំចៃ​មាត់។ សំណេរ​របស់​លោកតា​រួម រឹត​ដែល​មនុស្ស​មួយ​ចំនួន​សង្ស័យ​ថា ជា​តួអង្គ​តែ​មួយ​របស់​សម្តេចឪ​នោះ​តែងតែ​ធ្វើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ខឹង​សម្បារ។

ប៉ុន្តែ ភាព​រកាំរកូស​នេះ​បាន​រសាត់​បាត់​ទៅ ដោយ​ជំនួស​មក​វិញ​នូវ​ភាពល្អូកល្អឺន បន្ទាប់​ពី​សម្តេចឪ​សម្រេច​ព្រះទ័យ​ឈប់​ចុះ​ផ្សាយ​សំណេរ​របស់​លោកតា​រួម រឹត​ក្នុង​គេហទំព័រ​របស់​ព្រះអង្គ។ ចាប់​តាំង​ពី​ពេល​នោះ​មក សម្តេចឪ និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​តែងតែ​គាំទ្រ​គ្នា​ទៅវិញ ទៅមក​យ៉ាង​ចំហរ និង​យ៉ាង​សកម្ម​ទៀត​ផង៕

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល